រាជធានីភ្នំពេញ ៖
មនុស្សច្រើនកុះករ មិនតិចជាង៤០០ នាក់ សុទ្ធតែជាម្ចាស់រថយន្តមានតម្លៃ
បានប្រមូលផ្តុំគ្នានៅបរិវេណ សំណង់ផ្ទះល្វែង បុរីចាក់អង្រែក្រោម
កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី២០ ខែសីហា
ឆ្នាំ២០១៣ ស្ថិតក្នុងភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម
ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីទាមទារឲ្យឈ្មោះ កែវ ស្រីនិត
និងប្តីឈ្មោះ អ៊ុយ សុឃុន ដោះស្រាយរឿង ជួលរថយន្ត ពីពួកគេប្រមាណ
៤០០គ្រឿងហើយមានចេតនាស៊ីដាច់ ។
លោក កែវ រតនា ជាតំណាងឲ្យជនរងគ្រោះជាង ៤០០នាក់ ដែលត្រូវឈ្មោះ កែវ
ស្រីនិត និងប្តីឈ្មោះ អ៊ុយ សុឃុន បានឲ្យដឹងថា
ពីរនាក់ប្តីប្រពន្ធនេះ បានឆបោករថយន្តរបស់ពួកគេយកទៅបញ្ចាំ
ហើយបានភូតកុហកថា ជួលឡានឲ្យក្រុមហ៊ុន លីជីយ៉ុង (G.M.T) ។
រថយន្តដែលឈ្មោះ កែវ ស្រីនិត និងប្តីឈ្មោះ អ៊ុយ សុឃុន
ជួលនោះមានម៉ាកកាមរី បាឡែន ហាយព្រីធ, លុចស៊ីស RX៣០០, ៣៣០,
និងលុចស៊ីស៤៧០ ឆ្លាម សាំយ៉ុង ស៊ីអវី និងហាយលែនឌ័រ ។
ឈ្មោះ កែវ ស្រីនិត និងប្តីឈ្មោះ អ៊ុយ សុឃុន រងនូវការចោទប្រកាន់ថា
បានឆបោករថយន្តប្រជាពលរដ្ឋ មិនតិចជាង ៤០០គ្រឿង ហើយជនរងគ្រោះ
មានច្រើនជាងគេ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ
កំពង់ឆ្នាំង ប៉ុន្តែជនរងគ្រោះនៅតាមខេត្តឆ្ងាយៗ
ពុំទាន់មកដាក់ពាក្យបណ្តឹងនៅឡើយទេ។ ជនរងគ្រោះខ្លះត្រូវឈ្មោះ កែវ
ស្រីនិត និងប្តីឈ្មោះ អ៊ុយ សុឃុន ឆបោករថយន្ត ចាប់ពីមួយគ្រឿង
រហូតដល់៤គ្រឿង។
ការប្រមូលផ្តុំគ្នានៅមុខផ្ទះរបស់ឈ្មោះ កែវ ស្រីនិត និងប្តីឈ្មោះ
អ៊ុយ សុឃុន បានត្រឹមតែធ្វើឲ្យមានការភ្ញាក់ផ្អើលប៉ុណ្ណោះ
មិនមានដំណោះស្រាយអ្វីទេ ហើយផ្ទះនោះ ក៏បានចាក់សោជាប់
គ្មានមនុស្សស្នាក់នៅទេ។ គេសង្ស័យថាឈ្មោះ កែវ ស្រីនិត
និងប្តីឈ្មោះ អ៊ុយ សុឃុន បានរត់គេចខ្លួនបាត់ទៅហើយ
មុនពេលម្ចាស់រថយន្ត ដឹងរឿងពិត៕
No comments:
Post a Comment