នៅ​ក្នុង​នាទី​បទ​ពិសោធន៍សប្បាយ​ៗ​ ថ្ងៃ​នេះ sabay សូម​លើក​យក​បទ​ពិសោធន៍​របស់​យុវជន​ម្នាក់ ដែល​ជា​អតីត​កម្មករ​លី​សែង​នៅ​ក្នុង​ដេប៉ូ​អេតចាយ​មួយ​នៅ​ខេត្ត​បាត់​ដំបង ក្បែរ​រ៉ា​រទេះ​ភ្លើង។
ទោះ​បី​ជា សាន  ខ្ញុំ​នេះ​បាន​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំណើត​មក​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ ​យ៉ាង​ណា​ក៏​ដោយ នៅ​តែ​មិន​ភ្លេច​អនុស្សាវរីយ៍​សប្បាយ​លាយ​ទុក្ខ​កាល​នៅ​ប្រទេស​កំណើត និង​ចង់​ចែក​ជួន​មិត្ត​អ្នក​អាន​គេហទំព័រ Sabay បាន​ជា​ការ​កម្សាន្ត​ផង ទុក​ជា​បទ​ពិសោធន៍​ផង។ ហាស​ហា…នោះ​គឺ​អនុស្សាវរីយ៍ ចូល​ខារ៉ាអូខេ​លើក​ដំបូង ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​រាង​ចាល​មួយ​ជីវិត។ តែ​វា​ជា​បទ​ពិសោធន៍​សប្បាយ​រីករាយ​ផង និង​ខ្មាស​គេ​ផង សង្ឃឹម​ថា ទាំង​អស់​គ្នា​មិន​សើច​ចំអក គ្រាន់​តែ​ហួស​ចិត្ត​នឹង​រឿង​ខ្ញុំ។
រឿង​ នោះ​វា​យ៉ាង​នេះ​ទេ កាល​ណោះ​​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១០ បន្ទាប់​ពី​បើក​លុយ​ពី​ថៅកែ​អេតចាយ​រួច ចាប់​បង្កើត​កម្មវិធី​តិច​តួច ជា​ការ​រៃ​លុយ​គ្នា​ប៉ុណ្ណោះ។ តាម​ទម្លាប់ ស្រា​ស​ស្រា​ថ្នាំ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ហើយ ហើយ​លើក​នេះ​ក៏​ដូច​គ្នា។ ប៉ុន្តែ​មិន​ប្រមាណ​ពីរ​ម៉ោង​កន្លង​ផុត​ទៅ ស្រាស ស្រា​ថ្នំា អត់​បាន​ធ្វើ​សមាជិក​ទាំង​អស់ អស់​ចិត្ត​ទេ ទាំង​អ្នក​មាន​ប្រពន្ធ​កូន​រួច​ហើយ និង​អ្នក​នៅ​លីវ ព្រោះ​នៅ​មាន​លុយ​ក្នុង​ហោប៉ៅ​រៀង​ខ្លួន។ បង​ធម៌​ខ្ញុំ​ម្នាក់​បាន​ចាប់​ផ្ដើម​មុន​គេ​ថា” គ្នា​យើង នរណា​ទៅ​ច្រៀង​ខារ៉ាអូខេ​ខ្លះ​វ៉ើយ?”។ សមាជិក​ទាំង​អស់​ស្រែក​ព្រម​គ្នា “ទៅ”។
រូប​តំណាង
ស្រុះ ​គ្នា​ងាយ​បែប​នេះ ព្រោះ​ម្នាក់​ធ្លាក់​ភ្នែក​គ្រប់​គ្នា​ហើយ​ហ្នឹង ដូច្នេះ​ពួក​យើង​ក៏​ចេញ​ដំណើរ។ ដើរ​បណ្ដើរ​ជជែក​គ្នា​បណ្ដើរ ក្រុម​ការងារ​ក៏​បាន​ឆ្លង​ស្ពាន​ថ្ម​មួយ​កាត់​ស្ទឹង​សង្កែ​ឆ្ពោះ​មក​ ភ្នំពេញ។ ក្រឡេក​មក​ស្ដាំ​ដៃ​ក៏​ប្រទះ​ឃើញ​ហាង​ខារ៉ាអូខេ​មួយ​មាន​ភ្លើង​ព្រឹមៗ និង​មាន​នារី​ស្អាតៗ​ប៉ុន្មាន​នាក់​កំពុង​អង្គុយ​លើ​កៅអី​ចាំ​ទទួល​ ស្វាគមន៍។ រៀម​ច្បង​ម្នាក់​ពេញ​ព្រៀប​ដោយ​បទ​ពិសោធន៍ និង​ត្រូវ​ប្រពន្ធ​មិន​ស្ដី​រក​ញឹក​ប្រាប់​ថា កន្លែង​ហ្នឹង​ធូរ​ថ្លៃ​ជាង​គេ។
មិន​បង្អង់​យូរ ពួក​យើង ក៏​បាន​នាំ​ចូល និង​បាន​ធ្វើ​ដំណើរ​ព្រម​គ្នា​សំដៅ​ទៅ​កាន់​បន្ទប់​ដែល​មាន​មេការ​ម្នាក់​ នាំ​ផ្លូវ។ ខ្ញុំ​ចាប់​ផ្ដើម​ភ័យ​ផង​អរ​ផង ព្រោះ​ជា​លើក​ដំបូង​ផង និង​ប្រាប់​ខ្លួន​ឯង​ថា” ចូល​ក៏​ចូល​ដែរ គេ​យ៉ាង​ម៉េច​យើង​ក៏​អញ្ចឹង អស់​ប៉ុន្មាន​លុយ​ប៉ុណ្ណឹង!”។
គ្រប់​គ្នា​ចូល​ទៅ​ក្នុង​បន្ទប់​អង្គុយ ​លើ​សាឡុង​យ៉ាង​ព្រងើយ ដោយ​គ្មាន​ខ្វល់​អ្វី​ទាំង​អស់ ដោយ​ម្នាក់ៗ​មាន​ទឹក​មុខ​តែ​ញញឹម​ញញែម។ បន្តិច​ក្រោយ​មក ស្រាប់​តែ​មាន​នារី​មក​ឈរ​ត្រៀបត្រា ឲ្យ​ជ្រើសរើស​ដូច​ទំនិញ​លក់​ផ្សារ​អីចឹង។ ម្នាក់​ជ្រើសរើស​យក​តាម​ដែល​ខ្លួន​ពេញ​ចិត្ត​​រៀង​ខ្លួន ចំណែក​ខ្ញុំ​ដាច់​ស្តុក​ហើយ ស្ត្រី​ម្នាក់​គេ​ហៅ​ថា មេការ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​រង់​ចាំ​បន្តិច​សិន។
បង​ធម៌​របស់​ខ្ញុំ​ ឈ្មោះ ចក់ ដែល​មាន​បទ​ពិសោធន៍​ប្រពន្ធ​មិន​ឲ្យ​ដេក​ផ្ទះ​ជា​ញឹកញាប់​បាន​ស្នើ​ឲ្យ​ដាក់ ​ស្រាបៀ​ណា​​ដែល​ធូរ​ថ្លៃ​ជាង​គេ ព្រោះ​មិន​សូវ​សម្បូរ​លុយ​ដូច​គ្នា។
ដាក់ ​អស់​ពីរ​បី​កែវ ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ស៊ាំ​នឹង​បន្ទប់​ភ្លើង​ពណ៌​ម៉ាស៊ីន​ ត្រជាក់ស្រេប​នោះ​ហើយ។ មិត្ត​ភ័ក្ដិ​ផ្សេង​ទៀត គ្មាន​នរណា​ចាប់​អារម្មណ៍​ច្រៀង​ប៉ុន្មាន​ទេ ដោយ​ម្នាក់ៗ​ជាប់​រវល់​កៀកកើយ​ប្រលែង​ស្និទ្ធ…យ៉ាង​បះ​ដៃ​បះ​ជើង។ យន្តការី​ចាក់​បទ​ជា​បន្តបន្ទាប់​តាម​ការ​កុម្ម៉ង់​របស់​ខ្ញុំ។ ច្រៀង​បណ្ដើរ​ជល់​បណ្ដើរ ជា​បន្ត​បន្ទាប់​កេស​ទី​មួយ​បាន​កន្លង​ផុត​ទៅ​រូប​ខ្ញុំ​រង់​ចាំ​ស្ទើរ​ផ្សា ​ភ្នែក​ក្រែង​មាន​ដៃ​គូ​មក​នឹង​គេ ហើយ​ក៏​បាន​ហៅ​កេស​ទី​ពីរ។
ថ្ងៃ​ នោះ​យីអ៊ុន​ដាក់​យ៉ាង​ម៉េច​មិន​ដឹង ធ្លាប់​ជា​គីឡូ​ស្រា​ស​ក្ដឹប​អំពិល​ពី​ស្វាយរៀង​ដែរ បែរ​ជា​ឆាប់​ធ្លាក់​ភ្នែក​ឡែ​ទៅ​ហើយ។ ចម្រៀង​ចប់​ជា​បន្តបន្ទាប់​ជា​ច្រើន​បទ ទើប​មេការ​បាន​នាំ​នារី​ម្នាក់​មក​ឲ្យ​អង្គុយ​ក្បែរ។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា នាង​ក្រាល​គ្រង​ដោយ​ឈុត​ពណ៌​ផ្កា​ឈូក រាង​ខ្លី​បន្តិច ព្រោះ​ខ្ញុំ​ស្រវាំង​ភ្នែក​ទៅ​ហើយ។ ការ​អង្គុយ​យ៉ាង​កៀក​បាន​ធ្វើ​ឲ្យ​បុរស​ទៅ​ពី​ស្រែ​យ៉ាង​ខ្ញុំ​បាទ​នេះ  រក​ថា​មិន​ត្រូវ។ មាន​តែ​ប្រឹង​ប្រែង​លើក​ដាច់ៗ​ ក្រែង​ឈប់​ភ័យ។
ពេល​ វេលា​អូស​បន្លាយ​ជា​ច្រើន​ម៉ោង ការ​លើក​ដាច់​ហើយ​ដាច់​ទៀត​នាំ​ឲ្យ​មាន​សំបក​ដប​សល់​គរ​ក្រោម​តុ​កញ្ចក់​មួយ ។ ភ្លេច​ខ្លួន ស្រាប់​បាន​ដេក​លក់​មួយ​ភាំង​យ៉ាង​ស្រួល​ខ្លួន លុះ​ភ្ញាក់​វិញ​ងាក​មក​មើល​នាឡិកា​ម៉ោង​ប្រមាណ​ជាង​ពីរ​រំលង​អាធ្រាត្រ​ ស្រេច មាន​ន័យ​ថា ខ្ញុំ​លក់​ប្រមាណ​ជា​៣​ម៉ោង​ជាង​ទៅ​ហើយ។ នារី​ដែល​មក​អង្គុយ​ក្បែរ​ដែល​មិន​ទាន់​ទាំង​បាន​ប៉ះ​សាច់​បន្តិច​ផង ក៏​បាន​ចេញ​បាត់។ ក្រឡេក​រក​មិត្ត​ភ័ក្តិ​ដែល​មក​ជាមួយ​គ្នា​៦នាក់ ឃើញ​សល់​តែ​ម្នាក់​គត់ កំពុង​ដេក​លក់​យ៉ាង​ស្រួល ស្រម៉ុក​ខល់​គ្មាន​ខ្វល់​កើត​ទុក​អី​សោះ។
កំពុង​តែ​មីងមាំង​នៅ​ឡើយ ស្រាប់​តែ​ទ្វារ​បន្ទប់​របើក​ឡើង លេច​បុរស​ម្នាក់​ដើរ​ចូល​មក ដោយ​ដៃ​មាន​កាន់​កូន​សៀវភៅ​តូច​មួយ​មក​ជា​មួយ​ផង។ ចូល​ដល់​ក្នុង​បន្ទប់ បុរស​មិន​ស្គាល់​ឈ្មោះ​នោះ និយាយ​ដោយ​គួរ​សម​ថា “គ្នា​បង​ចេញ​ទៅ​អស់​ហើយ នេះ​វិក្កយបត្រ” ។ តែ​ប៉ុណ្ណោះ ខ្ញុំ​ចាប់​ផ្ដើម​បុក​ពោះ​ជាង​កាល​ឈាន​ជើង​ចូល​បន្ទប់​១០០​ដង ព្រោះ​ដឹង​ច្បាស់​ហើយ​ថា មាន​រឿង​អី។ ខ្ញុំ​លើក​ដៃ​ទទួល​យក​វិក្កយបត្រ​ទាំង​អារម្មណ៍​មិន​នៅ​ក្នុង​ខ្លួន និង​ចោល​ភ្នែក​មក​ខាង​ក្រោម​វិក្កយបត្រ​ឃើញ​ថា​អស់ ២៥៦​ដុល្លារ​ឯ​ណោះ ខណៈ​ក្នុង​ខ្លួន​មាន​តែ ២០ម៉ឺន​រៀល។ ងាក​ទៅ​អា​មួយ​ដែល​ដេក​លក់​អត់​ខ្វល់​អី​នោះ លូក​ក្នុង​ហោប៉ៅ​វា មាន​តែ​ជា ៥ម៉ឺន​ប៉ុណ្ណោះ។
អាសន្ន​ធំ…ខ្ញុំ​ចង់​យំ​បន្តិច ចង់​សើច​បន្តិច នឹក​ហួស​ចិត្ត ទើប​ស្គាល់​ខារ៉ាអូខេ​ដំបូង​បំផុត ជួប​រឿង​យ៉ាង​នេះ ម្យ៉ាង​គ្មាន​បាន​ឱប​អី​បន្តិច​ផង អស់​លុយ​ម៉ា​គគោក។ ខ្ញុំ​បាន​ឲ្យ​អ្នក​គិត​លុយ​ចេញ​ក្រៅ​បន្តិច ដើម្បី​យក​ពេល​ដាល់​អា​សំឡាញ់​ម្នាក់​ដែល​មិន​រត់​ចោល ពិភាក្សា​គ្នា ដែល​តាម​ពិត​ទៅ​មិន​ដឹង​ថា វា​ស្ម័គ្រ​នៅ​ជាមួយ ឬ​ជ្រុល​លក់​ភ្លឹប​មិន​ដឹង​ខ្លួន​ជា​មុន ដូច​ខ្ញុំ​ឬ​យ៉ាង​ណា។ តែ​លែង​ខ្វល់​ពី​វា​ថា​ដោយ​សារ​មូល​ហេតុ​អ្វី​ទើប​សល់​ខ្លួន​ជាប់​កុន​ជាមួយ ​ខ្ញុំ​ឬ​យ៉ាង​ណា​ហើយ យើង​ទាំង​ពីរ​នាក់​ក៏​គិត​គ្នា តែ​គិត​យ៉ាង​ណា ក៏​គ្មាន​មធ្យោបាយ ព្រោះ​អាសម្លាញ់​ខ្ញុំ​វា​បាន​ប្រាប់​ថា កុំ​និយាយ​រឿង​សល់ សូម្បី​តែ​ប្រាក់​ខែ ខែ​ក្រោយ​ក៏​វា​អា​វ៉ង់​ថៅកែ​អស់​ហើយ​ដែរ ។ ចប់…ខ្ញុំ​ដើរ​ចេញ​មក​ក្រៅ អត់​មាន​ឃើញ​នរណា​ម្នាក់​នោះ​ ក្រៅ​ពី​មេការ​រង់​ចាំ​យក​លុយ។
មេការ​ សួរ​មក​ខ្ញុំ “ម៉េច​ហើយ​បង?”។ ខ្ញុំ​តប​វិញ រៀង​ឡូយ​ដែរ​ថា “មិន​អី​ទេ​ចាំ​បន្តិច ​ពួក​ម៉ាក​វា​មក​ដល់​ឥឡូវ​ហើយ ខ្វះ​តិច​តួច!”។ និយាយ​រួច​ក៏​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​វិញ អា​សំឡាញ់​ខ្ញុំ ក៏​ស្រែក​ឡើង​ “អាសាន ខ្សែ​ក!” ខ្ញុំ​ភ្ញាក់ “អើ​មែន…តែ​អញ​ស្តាយ​ណាស់​វ៉ើយ សន្សំ​ជាង​ម៉ា​ឆ្នាំ​ហើយ ទើប​បាន​ប៉ុណ្ណឹង”។ អាពួក​ម៉ាក ខ្ញុំ​ឆ្លើយ “ស្តាយ​វា​ស្តាយ​ហើយ តែ​ពេល​នេះ​យក​រួច​ខ្លួន​សិន អ្ហែង​ចង់​លក់​មុខ​នៅ​ហ្នឹង​… ទៅ…ចាំ​ទៅ​ដល់​កន្លែង ចាំ​ចាប់​ពួក​អា​អស់​ហ្នឹង​ឲ្យ​វា​សង​វិញ​ខ្លះ!”។
អា​សំឡាញ់​និយាយ​ ត្រូវ ខ្ញុំ​ដោះ​ខ្សែ​ក​មើល​ទាំង​សោក​ស្តាយ ដើរ​ចេញ​ក្រៅ​មក​ជួប​មេការ ចរចា​សុំ​ការ​យោគ​យល់​ដោយ​ដាក់​ខ្សែ​ក​ប្រាំ​ជី​នោះ​ជា​ទ្រព្យ​បញ្ចាំ​សិន​ សន្យា​ស្អែក​មក​លោះ​វិញ។ ទំនង​ឃើញ​ថា ខ្ញុំ​មិន​មែន​ជា​មនុស្ស​អាក្រក់ មេការ​ក៏​យល់​ព្រម។ ពួក​ខ្ញុំ​ក៏​បាន​ដើរ​ចេញ​ទាំង​អៀន​អន់​រឹង​ខ្លួន គ្មាន​ហ៊ាន​ងាក​ឆ្វេង​ស្តាំ​ឡើយ សូម្បី​តែ​នាង​អង្គុយ​ក្បែរ​ក៏​មិន​បាន​ហុច​មួយ​រៀល​ដែរ ។
មក​ដល់​ កន្លែង​វិញ​ទ្វា​គ្រប់​ច្រក​ទាំង​អស់​សុទ្ធ​តែ​ចាក់​សោ​មិន​​អាច​ចូល​បាន​ ទៀត ខ្ញុំ​ទាំង​ពីរ​នាក់ ត្រូវ​អង្គុយ​រង់​ចាំ​រហូត​ទល់​ភ្លឺ​ទើប​បាន​ចូល​កន្លែង​វិញ ជួប​ពួក​អាដែង​រក​ស​ខ្មៅ។
តាំង​ពី​ហ្នុង​មក ប្រមាណ​ជា ២​ឆ្នាំ ខ្ញុំ​ខ្លាច​ខារ៉ាអូខេ ទើប​តែ​ឥឡូវ​ៗ​ហ្នឹង ទើប​ហ៊ាន​ចូល​វិញ…ហ៊ឺ​…ហួស​ចិត្ត មិន​ដឹង​ថា មាន​អ្នក​ធ្លាប់​ជួប​ស្រដៀង​ខ្ញុំ​ដែរ​អត់ហ្ន៎… ៕